សិក្ខាសាលាលើកទី ២៣ របស់សមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា
សិក្ខាសាលាលើកទី ២៣ របស់សមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា
June 29, 2024
Show all

ទិវាសន្និបាតលើកទី ២៣ របស់សមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា

ទិវាសន្និបាតលើកទី ២៣ របស់សមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាលើកទី២៣ នៃសមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ “រួមគ្នាដើម្បីលើកកម្ពស់សុខភាពស្ត្រី”

==============

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាលើកទី២៣ នៃសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ “រួមគ្នាដើម្បីលើកកម្ពស់សុខភាព ស្ត្រី” នៅសណ្ឋាគារភ្នំពេញ។

ទិវាសន្និបាតនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានសមាគម លោក លោកស្រី សមាជិក សមាជិកា សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ភ្ញៀវកិត្តិយសជាតិអន្តរជាតិ ព្រមទាំងស្វាគមន៍ចំពោះវត្តមានលោក លោកស្រីជាវាគ្មិនអញ្ជើញមកពីក្នុងប្រទេស និងអន្តរជាតិផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ថាទិវាលើកទី២៣ របស់សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា
នាពេលនេះ សង្ឃឹមថានឹងផ្តល់ឱកាស និងចែករំលែកចំណេះដឹងជាច្រើន ដល់សមាជិក សមាជិកាសមាគម
ក៏ដូចជាអ្នកចូលរួមទទួលបានចំណេះដឹង បទពិសោធន៍ និងរបកគំហើញថ្មីៗ នៅក្នុងសកលលោក
ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផ្ទាល់។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សង្ឃឹមថាសមាគមនឹងរៀបចំឱ្យមានទិវាសន្និបាតនេះយ៉ាងទៀងទាត់ ដែលបញ្ជាក់ឱ្យឃើញនូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ មានជំហរស្មារតីទទួលខុសត្រូវ និងដើម្បីចូលរួមបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈបន្ថែមទៀត។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានគូសរំលេចដែរថា នាពេលថ្មីៗនេះដែរ កាលពីថ្ងៃទី០៥ តុលា ២០២៣ កន្លងទៅក្រសួងសុខាភិបាល ក៏បានប្រកាសដាក់ចូលការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនលើកុមារីអាយុ៩ឆ្នាំ ចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិ សំដៅលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ធកម្ពុជាយើងផង និងក៏ចូលរួមចំណែកក្នុងគោលដៅលុបបំបាត់ជំងឺមហារីកមាត់ស្បូននាឆ្នាំ២០៣០ របស់អង្គការសុខភាពពិភពលោក (WHO)ផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា រួមគ្នាយកចិត្តទុកដាក់ក្នុងការពង្រឹងការលើកកម្ពស់សុខភាពមាតា ទារក និងកុមារនៅកម្ពុជា ទាំងផ្នែកសេវាសាធារណៈ ជាពិសេសសេវាឯកជន។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍គន្លឹះជាអាទិភាពមួយចំនួន ជូនដល់អង្គទិវា ដោយត្រូវយកចិត្តទុកដាក់ទៅលើ៖

១) ការកសាងសមត្ថភាពបន្ថែមតាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលបន្ថែម និងបង្កើនចំនួនគ្រូបង្គោល

២) ការគោរពនិយាមក្រមសីលធម៌វិជ្ជាជីវៈ

៣) ការពង្រឹងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ សម្ភារ និងគោរពតាមនិយាម គោលការណ៍ណែនាំរបសើក្រសួងសុខាភិបាល

៤) ការបង្កើកិច្ចសហការបច្ចេកទេសជាមួយដៃគូឱ្យបានទូលំទូលាយ ៥)ការពង្រឹងកិច្ចប្រាស្រ័យទាក់ទងឱ្យបានជិតស្និទ្ធ ការផ្សព្វផ្សាយ​ អប់រំសុខភាព និងជំរុញឱ្យមានការចូលរួមពីសហគមន៍។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់សាររបស់ស្ថាប័នទៅកាន់សមាជិក សមាជិកា និងអង្គពិធីទាំងមូលដោយ៖

  • ក្រសួងសុខាភិបាលគាំទ្រដល់ការងាររបស់សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា
  • សមាជិកសមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជាត្រូវតែចុះបញ្ជីគណៈគ្រូពេទ្យ
  • សមាគមសមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ត្រូវរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលបន្តជាប្រចាំ និងត្រូវធ្វើបច្ចុប្បន្នភាពបច្ចេកទេសទាន់សម័យ រួមទាំងឧបករណ៍ សម្ភារ និងឱសថ។

ឯកឧត្តមក៏មានមតិផ្តាំផ្ញើបន្ថែម៖

  • អ្នកផ្តល់សេវាឯកជនត្រូវចុះបញ្ជីការគណៈគ្រូពេទ្យឱ្យបានត្រឹមត្រូវ។ មានច្បាប់ហើយ ត្រូវផ្ទៀងផ្ទាត់ឱ្យមានគ្រប់តាមលក្ខខណ្ឌ មានធនធានមនុស្សគ្រប់ចំនួន មានបទដ្ឋានឯកសារដាក់បិទផ្សាយនៅលើជញ្ជាំង។ ត្រូវរាយការណ៍ឱ្យបានជាប់ជាប្រចាំជាមួយផ្នែកពាក់ព័ន្ធ។
  • លើកទឹកចិត្តឱ្យសេវាឯកជនចូលរួមជាសមាជិកសមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា​​ដើម្បីស្វែងយល់ជាមួយគ្នា ធ្វើការជាមួយគ្នា ប្រុងប្រយ័ត្នជាមួយគ្នា អាចជួយគ្នាបាន។
  • នៅតាមគ្លីនិក/សេវាឯកជនដែលមានសេវាសម្រាលកូន សុំឱ្យរៀបចំកន្លែងត្រឹមត្រូវ មានកញ្ចប់សេវា
    សង្គ្រោះបន្ទាន់ដើម្បីសង្គ្រោះទារកនៅនឹងកន្លែងបានទាន់ពេលវេលា ព្រោះអ្នកធ្វើការងារសម្ភពរោគស្ត្រីជាអ្នកសង្គ្រោះជីវិតមាតា និងទារក។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ និងកោតសរសើរដល់ សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ដែលបានរៀបចំទិវានេះឡើង និងក៏អរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនទាំងជាតិ និងអន្តរជាតិ សម្រាប់ការចែករំលែកបទពិសោធន៍ដ៏មានតម្លៃ និងអរគុណចំពោះការឧបត្ថម្ភគាំទ្រចំពោះទិវានេះ។

ទិវាលើកទី ២៣ របស់សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា មានរយៈពេល ១ថ្ងៃកន្លះពេញ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ អង្គភាពមន្ត្រីសុខាភិបាលដែលជាសមាជិក សមាជិកា មកពីរាជធានីខេត្តទាំង២៥ សរុបអ្នកចូលរួមចំនួន ២៥០នាក់។

Comments are closed.