មតិរបស់លោកសាស្រ្តាចារ្យ គុំ កាណាល់


ប្រធានសមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា

 

ខ្ញុំបាទសាស្រ្តាចារ្យ​ គុំ កាណាល់ ប្រធានសមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា (សសសក) ​តំណាងអោយ​គណកម្មធិការប្រតិបត្តិកណ្តាលទាំងអស់របស់សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ​សូមជម្រាបសួរ ប្រិយមិត្ត និងសមាជិក សមាជិកា​របស់សមាគម ទាំងអស់ជាទីគោរពរាប់អាន។

president-photo

សមាគមរបស់យើងបានចាប់មានកំណើតឡើងកាលពីឆ្នាំ១៩៩៧ ដោយសារ​តម្រូវការជំនាញរបស់មហាវិទ្យាល័យវេជ្ជសាស្រ្ត​​​​ និងមានការគាំទ្រពីក្រសួង​សុខាភិបាល​ហើយ​មាន​សមាជិកភាពជាមន្ត្រីរាជការជំនាញសម្ភពនិងរោគស្ត្រីដែលកំពុង​ធ្វើ​ការ​នៅតាមមន្ទីរសម្ភពនៅ​ក្នុងទីក្រុងភ្នំពេញ។​សមាគមបានចងក្រងបាននូវលក្ខន្តិកៈ​ និង​​ក្រុម​ប្រិក្សាភិបាលដើម្បីដឹកនាំ​សមាគម។ កាលនោះចំនួនសមាជិកមានត្រឹមតែ២៥រូប​ប៉ុណ្ណោះ។

គោលដៅរបស់សមាគមគឺដើម្បីលើកកំពស់មនសិការជាតិនិងអន្តរជាតិព្រមទាំង​បង្កើន​ស្មារតី​ទទួលខុសត្រូវលើកិច្ចសហប្រតិបត្តិការនិងការជឿនលឿននៃវិទ្យាសាស្រ្តតាមការចូលរួមចំណែកបំពេញតួនាទីនិងមុខដំណែងក្នុងសង្គមជាតិ និងអន្តរជាតិ​ជំរុញអោយ​មានសន្ទុះកាន់តែខ្លាំងរាល់​សកម្មភាពបណ្តុះ​បណ្តាល និងស្រាវជ្រាវវិទ្យាសាស្ត្រតាមរយៈ​ការចុះជួយពង្រឹងចំណេះដឹង និង​ចំណេះ​ធ្វើ​នៅនឹងកន្លែងធ្វើការងារក៏ដូចជាការជួបជុំគ្នា​ផ្នែកគរុកោសល្យនិងវិទ្យាសាស្ត្រ​ដូចដែល​សមាគមបានរៀបចំធ្វើជារៀងរាល់ឆ្នាំ។​

ជារៀងរាល់ឆ្នាំសមាគមបានរៀបចំទិវាដូចនេះក្នុងវត្ថុបំណងផ្លាស់ប្តូរយោបល់ និងចំណេះដឹង និងរៀនសូត្រពីគ្នាក្នុងជំនាញសម្ភពរោគស្រ្តីដើម្បីបង្កើនចំណេះដឹងរបស់សមាជិកដើម្បីជាទុនក្នុងការផ្តល់សេវាផ្នែកសម្ភពរោគស្រ្តីអោយមានប្រសិទ្ធិភាពនិងគុណភាព។រហូតមកដល់ឆ្នាំ២០១៥ យើងបានរៀបទិវាសម្ភពរោគស្រ្តីរបស់យើងបាន១៤លើករួចមកហើយ។

ទីវាលើកទី១៤របស់សមាគម មានប្រធានបទ ​”​រកឃើញនិងព្យាបាល​ជម្ងឺមហារីកមាត់ស្បូនទាន់ពេលគឺសង្គ្រោះជីវិត” ហើយជាកិត្តិយស​ធំបំផុតដែលក្នុងពិធីបើកទិវាលើកទិ១៤នេះមានវត្តមានរបស់ឯកឧត្តម​អេងហួត​រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានកិត្តិយសសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជាបានចូលរួមក្នុងទិវានេះ ជាគណអធិបតី ហើយនិងផ្តល់សន្ទរកថាបើកអង្គទិវានិងផ្តល់អនុសាសន៍ដល់អង្គពិធី។

រហូតមកដល់ថ្ងៃនេះសមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជាបានចុះបញ្ជីជាផ្លូវច្បាប់នៅក្រសួងមហាផ្ទៃនិងត្រូវបានទទួលស្គាល់ជាផ្លូវច្បាប់នៅថ្ងៃទី១៦ ​​​​​​ខែ​កញ្ញា  ឆ្នាំ​២០១៥។ មានសមាជិកសរុបចំនួន ៣៤១នាក់  ​ប្រុស​ ១៥២នាក់ ​និង​ស្រ្តី​ ១៨៩ នាក់​ដែលអ្នកទាំងនោះ​ជាសាស្ត្រាចារ្យ  សាស្រ្តាចារ្យរង ​វេជ្ជបណ្ឌិត​ដែលកំពុងបម្រើការនៅក្នុងផ្នែកសម្ភពនិងរោគស្រ្តី ក្នុងស្ថាប័នរដ្ឋនិងឯកជនក៏ដូចជាក្នងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនៅទូទាំង២៥ខេត្ត-ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។​នាពេលបច្ចុប្បន្ន​នេះសមាគមយើងក៏ជាសមាជិកពេញសិទ្ធិរបស់​ FIGO AOFOG​​ ផងដែរ។ នេះជាលើកដំបូងដែលយើងខ្ញុំបង្កើត​ទំព័រវេបសាយផ្ទាល់របស់យើង។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្រើប្រាស់ Home Page របស់យើងខ្ញុំពីសំណាក់ប្រិយមិត្ត។ នេះជាលើកដំបូងដែលយើងខ្ញុំបង្កើត​ទំព័រវេបសាយផ្ទាល់ និងសង្ឃឹមយ៉ាងមុតមាំថាប្រិយមិត្តនិងផ្តល់នូវអនុសាសន៍និងមតិ​ក្នុងន័យស្ថាបនាដល់យើងខ្ញុំ។​

សូមប្រសិទ្ធិពរនិងគោរពជូននូវពុទ្ធពរទាំងបួនប្រការគឺ​អាយុ វណ្ណៈ សុខៈ ​ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ភ្នំពេញ  ថ្ងៃទី២១  ​ខែធ្នូ  ឆ្នាំ​២០១៥

លោកសាស្រ្តាចារ្យ  ​គុំ កាណាល់
ប្រធានសមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា