មតិរបស់លោកសាស្រ្តាចារ្យ គុំ កាណាល់
ប្រធានសមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា
ខ្ញុំបាទសាស្រ្តាចារ្យ គុំ កាណាល់ ប្រធានសមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា (សសសក) តំណាងអោយគណកម្មធិការប្រតិបត្តិកណ្តាលទាំងអស់របស់សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា សូមជម្រាបសួរ ប្រិយមិត្ត និងសមាជិក សមាជិការបស់សមាគម ទាំងអស់ជាទីគោរពរាប់អាន។
សមាគមរបស់យើងបានចាប់មានកំណើតឡើងកាលពីឆ្នាំ១៩៩៧ ដោយសារតម្រូវការជំនាញរបស់មហាវិទ្យាល័យវេជ្ជសាស្រ្ត និងមានការគាំទ្រពីក្រសួងសុខាភិបាលហើយមានសមាជិកភាពជាមន្ត្រីរាជការជំនាញសម្ភពនិងរោគស្ត្រីដែលកំពុងធ្វើការនៅតាមមន្ទីរសម្ភពនៅក្នុងទីក្រុងភ្នំពេញ។សមាគមបានចងក្រងបាននូវលក្ខន្តិកៈ និងក្រុមប្រិក្សាភិបាលដើម្បីដឹកនាំសមាគម។ កាលនោះចំនួនសមាជិកមានត្រឹមតែ២៥រូបប៉ុណ្ណោះ។
គោលដៅរបស់សមាគមគឺដើម្បីលើកកំពស់មនសិការជាតិនិងអន្តរជាតិព្រមទាំងបង្កើនស្មារតីទទួលខុសត្រូវលើកិច្ចសហប្រតិបត្តិការនិងការជឿនលឿននៃវិទ្យាសាស្រ្តតាមការចូលរួមចំណែកបំពេញតួនាទីនិងមុខដំណែងក្នុងសង្គមជាតិ និងអន្តរជាតិជំរុញអោយមានសន្ទុះកាន់តែខ្លាំងរាល់សកម្មភាពបណ្តុះបណ្តាល និងស្រាវជ្រាវវិទ្យាសាស្ត្រតាមរយៈការចុះជួយពង្រឹងចំណេះដឹង និងចំណេះធ្វើនៅនឹងកន្លែងធ្វើការងារក៏ដូចជាការជួបជុំគ្នាផ្នែកគរុកោសល្យនិងវិទ្យាសាស្ត្រដូចដែលសមាគមបានរៀបចំធ្វើជារៀងរាល់ឆ្នាំ។
ជារៀងរាល់ឆ្នាំសមាគមបានរៀបចំទិវាដូចនេះក្នុងវត្ថុបំណងផ្លាស់ប្តូរយោបល់ និងចំណេះដឹង និងរៀនសូត្រពីគ្នាក្នុងជំនាញសម្ភពរោគស្រ្តីដើម្បីបង្កើនចំណេះដឹងរបស់សមាជិកដើម្បីជាទុនក្នុងការផ្តល់សេវាផ្នែកសម្ភពរោគស្រ្តីអោយមានប្រសិទ្ធិភាពនិងគុណភាព។រហូតមកដល់ឆ្នាំ២០១៥ យើងបានរៀបទិវាសម្ភពរោគស្រ្តីរបស់យើងបាន១៤លើករួចមកហើយ។
ទីវាលើកទី១៤របស់សមាគម មានប្រធានបទ ”រកឃើញនិងព្យាបាលជម្ងឺមហារីកមាត់ស្បូនទាន់ពេលគឺសង្គ្រោះជីវិត” ហើយជាកិត្តិយសធំបំផុតដែលក្នុងពិធីបើកទិវាលើកទិ១៤នេះមានវត្តមានរបស់ឯកឧត្តមអេងហួតរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានកិត្តិយសសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជាបានចូលរួមក្នុងទិវានេះ ជាគណអធិបតី ហើយនិងផ្តល់សន្ទរកថាបើកអង្គទិវានិងផ្តល់អនុសាសន៍ដល់អង្គពិធី។
រហូតមកដល់ថ្ងៃនេះសមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជាបានចុះបញ្ជីជាផ្លូវច្បាប់នៅក្រសួងមហាផ្ទៃនិងត្រូវបានទទួលស្គាល់ជាផ្លូវច្បាប់នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥។ មានសមាជិកសរុបចំនួន ៣៤១នាក់ ប្រុស ១៥២នាក់ និងស្រ្តី ១៨៩ នាក់ដែលអ្នកទាំងនោះជាសាស្ត្រាចារ្យ សាស្រ្តាចារ្យរង វេជ្ជបណ្ឌិតដែលកំពុងបម្រើការនៅក្នុងផ្នែកសម្ភពនិងរោគស្រ្តី ក្នុងស្ថាប័នរដ្ឋនិងឯកជនក៏ដូចជាក្នងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនៅទូទាំង២៥ខេត្ត-ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។នាពេលបច្ចុប្បន្ននេះសមាគមយើងក៏ជាសមាជិកពេញសិទ្ធិរបស់ FIGO AOFOG ផងដែរ។ នេះជាលើកដំបូងដែលយើងខ្ញុំបង្កើតទំព័រវេបសាយផ្ទាល់របស់យើង។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្រើប្រាស់ Home Page របស់យើងខ្ញុំពីសំណាក់ប្រិយមិត្ត។ នេះជាលើកដំបូងដែលយើងខ្ញុំបង្កើតទំព័រវេបសាយផ្ទាល់ និងសង្ឃឹមយ៉ាងមុតមាំថាប្រិយមិត្តនិងផ្តល់នូវអនុសាសន៍និងមតិក្នុងន័យស្ថាបនាដល់យើងខ្ញុំ។
សូមប្រសិទ្ធិពរនិងគោរពជូននូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥
លោកសាស្រ្តាចារ្យ គុំ កាណាល់
ប្រធានសមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា